កូរ៉េខាងត្បូងបញ្ជាក់ជំហរច្បាស់ៗ៖ «បើទីក្រុងសេអ៊ូលមិនអនុញ្ញាត គ្មានថ្ងៃដែលសង្គ្រាមនៅឧបទ្វីបកូរ៉េ ផ្ទុះឡើងជាដាច់ខាត!»

ថ្លែងនៅក្នុងពិធី​រំលឹកខួប​ទី ៧២ឆ្នាំ នៃការរំដោះប្រទេសជាតិ​ចេញពីនឹម​អាណានិគម​ជប៉ុន នៅថ្ងៃអង្គារ​នេះ លោក មូន ជែអ៊ីន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់​កម្លាំងយោធា​អាចធ្វើទៅ​បាន លុះត្រាណា​តែមានការ​សម្រេចចិត្ត​ពីកូរ៉េខាងត្បូង ហើយក៏គ្មាន​នរណាម្នាក់​អាចសម្រេចចិត្ត​ប្រើកម្លាំងយោធា​ ដោយគ្មានការយល់ព្រម​ពីទីក្រុង​សេអ៊ូលនោះដែរ… ប៉ុន្តែព្រមពេល​ជាមួយគ្នា យើង​នឹងនៅតែបើក​ចំហទ្វារចរចា​ជានិច្ច សម្រាប់កិច្ចសន្ទនា​យោធា​ជានិច្ច ដើម្បីធ្វើ​ឱ្យប្រាកដថា​ ភាពតានតឹង​យោធារវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នឹងមិនកាន់​តែអាក្រក់ជាង​ពេល​បច្ចុប្បន្ន»។

ដោយឡែក​នៅថ្ងៃអង្គារនេះដែរ សារព័ត៌មានរដ្ឋ​​កូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួត​ពិនិត្យ និងពិភាក្សាលើ​​គម្រោងបាញ់​មីស៊ីល​តម្រង់​ទៅកោះហ្គាំ​របស់​សហរដ្ឋអាមេរិក​យ៉ាងហ្មត់ចត់ ក្នុង​អំឡុង​នៃ​ការ​ចុះធ្វើ​អធិការកិច្ច​នៅទីបញ្ជាការកង​កម្លាំង​យុទ្ធសាស្រ្ត​កូរ៉េខាងជើង បន្ទាប់ពីយោធា​នៃរដ្ឋកុម្មុយនិស្ត​មួយនេះ បានប្រកាស​កាល​ពីសប្តាហ៍​មុនថា ខ្លួន​នឹង​បង្ហើយ​​​ផែន​ការ​លម្អិតក្នុងការបាញ់​​គ្រាប់មីស៊ីល​ផ្លោង​ចំនួន ០៤គ្រាប់ ព្រមាន​កោះហ្គាំ​នៅត្រឹមពាក់​​កណ្តាល​​ខែសីហានេះ ហើយបញ្ជូនបន្ត​​ទៅឲ្យ លោក គីម ជុងអ៊ុន ដើម្បីរង់ចាំ​ការ​សម្រេច​ចិត្ត​ជាចុងក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាម​លោក មូន ជែអ៊ីន រដ្ឋាភិបាល​កូរ៉េខាងត្បូងនឹង​ប្រើប្រាស់គ្រប់​លទ្ធភាព​ទំាងអស់ ទប់ស្កាត់​មិនឱ្យសង្រ្គាម​ផ្ទុះឡើង ព្រមទាំងដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើងដោយសន្តិវិធី មិនថា​នៅក្រោម​កាលៈទេសៈ​បែបណា​នោះទេ៕

Leave a comment