ពេលនេះអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប កំពុងរុះរើសំណង់ខុសច្បាប់ នៅរមណីយដ្ឋានអង្គរ ក្រោយបញ្ចប់ឱសាន្ដវាទសេចក្តីជូនដំណឹង, ប្រតិបត្តិការរុះរើអាចប្រើពេល ពី១០ថ្ងៃ ទៅកន្លះខែ

(សៀមរាប)៖ កម្លាំងរបស់អាជ្ញាធរអប្សរា និងកម្លាំងសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បាននិងកំពុងបើក ប្រតិបត្តិការរុះរើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា បានចេញសេចក្ដីជូនដំណឹង ពីវិធានការមួយនេះកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ។

អភិបាលរងខេត្តសៀមរាប ដែលដឹកនាំកម្លាំងប្រតិបត្តិការរុះរើសសំណង់ខុសច្បាប់ លោក លី សំរិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថានៅថ្ងៃនេះ អាជ្ញាធរបានធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនេះ នៅ៣គោលដៅធំៗរួមមាន៖ ស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប (មុខប្រាសាទបន្ទាយក្តី) ហើយ២គោលដៅទៀត នឹងបន្ដនៅពេលក្រោយគឺនៅស្រុកពួក និងស្រុកប្រាសាទបន្ទាយស្រី។

បើតាមអភិបាលរងខេត្តរូបនេះ ការរុះរើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរ ក្នុងតំបន់១ និងតំបន់២ អាចប្រើពេលវេលាពី១០ថ្ងៃ ទៅកន្លះខែ ពីព្រោះសំណង់ទាំងនោះ មិនពិបាកក្នុងការរុះរើនោះទេ។

លោក លី សំរិទ្ធ ក៏បានឲ្យដឹងផងដែរថា ប្រតិបត្តិការនៅថ្ងៃនេះម្ចាស់សំណង់ពុំមានការតវ៉ាធ្ងន់ធ្ងរនោះឡើយ លើកលែងតែមានម្នាក់ នៅស្រុកប្រាសាទបាគង ដែលមកយំស្រែកមិនចង់ឲ្យអាជ្ញាធររុះរើ ប៉ុន្ដែវិធានការរដ្ឋបាលនេះ នឹងធ្វើឡើងរហូតទទួលបានជោគជ័យ និងបញ្ចប់ជាស្ថាពរ។

ការមិនតវ៉ាធ្ងន់ធ្ងរបែបនេះ ត្រូវបានអភិបាលរងខេត្តអះអាងថា ម្ចាស់សំណង់ខ្លះទទួលយកតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរ ហើយរហូតមកដល់ពេលនេះម្ចាស់សំណង់ ប្រមាណ១០នាក់ បានសម្រេចរុះរើដោយខ្លួនឯង។

សូមរម្លឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧កន្លងទៅ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា បានចេញសេចក្ដីជូនដំណឹង ជាផ្លូវការមួយ ប្រកាសចាត់វិធានការរុះរើ ​សំណង់ខុសច្បាប់ស្ថិតក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១០ ខែសីហាតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថាប័នរដ្ឋទាំង២ បានឲ្យដឹងថា ម្ចាស់សំណងខុសច្បាប់ដែលសង់ ក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសំណង់ខុសច្បាប់ថ្មីៗ ឬកំពុងសាង់សង់ដោយខុសច្បាប់ផ្សេងទៀត ត្រូវបានអាជ្ញាធរអប្សរា ជូនដំណឹងឲ្យរុះរើ​ដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៧ថ្ងៃរូចមកហើយ ប៉ុន្ដែម្ចាស់សំណង់មួយចំនួនធំ ពុំទាន់មានការរុះរើដោយខ្លួនឯងនោះទេ។ ដូច្នេះគណៈកម្មការដឹកនាំ និងសម្របសម្រួសលើការរុះរើ សំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គររបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយ ជូនម្ចាស់សំណង់ខាងលើ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង រហូតដល់ថ្ងៃទី០៩ ខែសីហា ​ជាកំហិត ហើយបើមិនព្រមរុះរើនឹងវិធានការ នៅថ្ងៃបន្ទាប់ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត និងបាត់បង់សម្ភារសំណង់នោះឡើយ។

សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង៥០០កន្លែង ត្រូវបានលួចសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s