ខេត្តកំពង់ធំ និងខេត្តសុរិន្ទ នឹងចុះអនុស្សរណៈស្តីពីរចនាសម្ព័ន្ធមេត្រីភាព នាពេលខាងមុខ ដោយផ្ដោតលើកិច្ចការសំខាន់៥ចំណុច

ខណៈប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសនានា ពិសេសប្រទេសថៃដែលជាមិត្តជិតខាងនោះ រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តសុរិន្ទ បានព្រមព្រៀងគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីរចនាសម្ព័ន្ធមេត្រីភាព នាពេលខាងមុខឆាប់ៗ ដែលក្នុងនោះផ្ដោតលើកិច្ចការសំខាន់ ៥ចំណុច។

ជាការពិតណាស់ មុននឹងឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈខាងលើ រដ្ឋបាលខេត្តទាំងពីរបានជួបពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយដាក់ចូលក្នុងអនុស្សរណៈនេះ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក លឺត ប៊ុនគងធង អភិបាលរងខេត្តសុរិន្ទ រួមជាមួយគណៈប្រតិភូភាគីទាំងពីរ បានជួបពិភាក្សាលើខ្លឹមសារអនុស្សរណៈនេះផងដែរ ដោយផ្អែកតាមវត្ថុបំណងរួមក្នុងការបង្កើតទំនាក់ទំនងជាមិត្តភាព និងយោគយល់គ្នា។

លោក គង់ វិមាន បានឲ្យដឹងថា ជាលទ្ធផល រដ្ឋបាលខេត្តទាំងពីរបានយល់ព្រមបង្កើតអនុស្សរណៈយោគយល់គ្នា ស្តីពីរចនាសម្ព័ន្ធមេត្រីភាព​ ក្នុងនោះផ្ដោតលើការអនុវត្តកិច្ចការចំនួន ៥ចំណុច រួមមាន៖

១៖ ភាគីទាំងពីរនឹងផ្តល់កិច្ចសហការគ្នាទៅវិញ ដើម្បីជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរួមគ្នា ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌការងាររបស់ខ្លួន ស្របតាមលក្ខខណ្ឌជាធរមានរបស់ប្រទេសទាំងពីរ។

២៖ ភាគីទាំងពីរនឹងសហការគ្នាលើវិស័យមួយចំនួន រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ យុវជន និងកីឡា សុខាភិបាល អភិវឌ្ឍន៍ជនបទ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ និងសិល្បៈ ព័ត៌មាន និងវិស័យឯកជនផ្សេងៗទៀត ស្របតាមគោលនយោបាយ និងច្បាប់នៃប្រទេសទាំងពីរ។

៣៖ ភាគីទាំងពីរនឹងជំរុញឲ្យមន្ទីរ​-អង្គភាពរបស់ខ្លួន ធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់ស្របទៅតាមអនុស្សរណៈនៃការយោគយល់គ្នានេះ និងជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីនៃប្រទេសទាំងពីរ។

៤៖ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីផែនការនៃកិច្ចសហការក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយរៀបចំជំរុញឲ្យមានការប្រជុំតាមដានត្រួតពិនិត្យចំពោះលទ្ធផលនៃកិច្ចសហការនេះជារៀងរាល់ឆ្នាំ នៅពេលមានការចាំបាច់ ដើម្បីផ្តល់ផលប្រយោជន៍ចំពោះភាគីទាំងពីរយ៉ាងពិតប្រាកដ។

៥៖ អនុស្សរណៈនៃការយោគយល់គ្នានេះ ចូលជាធរមានចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ ក្នុងករណីភាគីណាមួយ មានបំណងកែប្រែ ឬលុបចោលអនុស្សរណៈនេះ ភាគីនោះចាំបាច់ត្រូវបញ្ជាក់ពីគោលបំណង និងធ្វើលិខិតជាលាយលក្ខណ៍អក្សរជូនដំណឹងទៅភាគីម្ខាងទៀត យ៉ាងហោចណាស់មុនរយៈពេល៦ខែ។

ក្នុងកិច្ចពិភាក្សាត្រូវបានបញ្ជប់ដោយជោគជ័យ ហើយពិធីចុះហត្ថលេខាជាផ្លូវការ និងត្រូវធ្វើនៅពេលឆាប់ៗខាងមុខនេះ ក្រោមវត្តមានរបស់លោកអភិបាលខេត្តទាំងពីរ និងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។

លោក គង់ វិមាន ក៏បានស្នើបន្ថែមទៅភាគីថៃនូវសំណូមពរ ៣ចំណុច រួមមាន៖
១៖ បញ្ហាពលករដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ សូមជួយសម្រួលការស្នាក់នៅឲ្យបានសមរម្យ និងការពារសុវត្ថិភាពដល់ពួកគេ ព្រមទាំងជួយបង្កលក្ខណៈដើម្បីទៅបំពេញឯកសារឲ្យបានស្របច្បាប់។
២៖ ផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងជំនាញផ្សេងៗបន្ថែមទៀត។
៣៖ បង្កើនការទំនាក់ទំនង និងជំរុញការវិនិយោគវិស័យឯកជន រវាងខេត្តទាំងពីរ ឬប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s